ខេត្តបាត់ដំបង ៖ នេះមិនមែនជាលើកទី១ទេ ដែលក្រុមចោរហារយជិះរថយន្តតាមផ្លូវជាតិលេខ៥ ចូលលួចមាន់តាមផ្ទះប្រជាពលរដ្ឋនាវេលាកណ្ដាលអធ្រាត្រ នៅក្នុងទឹកដីឃុំកំពង់ព្រៀង ស្រុកសង្កែ ។មិនតែប៉ុណ្ណោះ លោកចោរថ្លើមធំហ៊ានចូលលួចមាន់ក្នុងផ្ទះពលរដ្ឋនៅក្បែរប៉ុស្ដិ៍នគរបាលទៀត ។ នេះបើតាមការអះអាងរបស់អ្នកភូមិដែលរងគ្រោះ តែលោកមេប៉ុស្ដិ៍កំពង់ព្រៀងបានឆ្លើយតបថា «រហូតមកដល់ពេលនេះ សកម្មភាពរបស់ក្រុមចោរមិនទាន់បង្កឲ្យកើតមានកលយុគនៅឡើយទេ» ។
ជាក់ស្ដែង កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ក្រុមចោរដែលមានរថយន្តបើកអមតាមក្រោយលើផ្លូវជាតិលេខ៥ ចាំដឹកមាន់ផង បានចូលលួចមាន់តាមផ្ទះពលរដ្ឋចំនួន៤កន្លែងក្នុងមួយយប់ នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ក្នុងនោះមាន២កន្លែងស្ថិតនៅក្បែរប៉ុស្ដិ៍នគរបាលឃុំកំពង់ព្រៀងតែម្ដង ។ ប្រជាពលរដ្ឋបានរាយការណ៍ថា ម្ចាស់ផ្ទះដែលត្រូវក្រុមចោរហារយចូលលួចមាន់មាន ១-ឈ្មោះ ស៊ឺង ភេទប្រុស ២-ឈ្មោះ ហេង សារី ភេទប្រុស ៣-ឈ្មោះ គី ភេទប្រុស និង៤-ឈ្មោះ សេត ភេទស្រី ។ ជនរងគ្រោះឈ្មោះ គី និងឈ្មោះ សេត មានផ្ទះនៅក្បែរប៉ុស្ដិ៍នគរបាលកំពង់ព្រៀងតែម្ដង ។
បើតាមជនរងគ្រោះប្រាប់ថា ក្រុមចោរអាចមានគ្នាច្រើននាក់បានចូលលួចមាន់តាមផ្ទះអ្នកភូមិនៅវេលារំលងអធ្រាត្រ ដោយម្នាក់ៗបាត់អស់មាន់រាប់សិបក្បាលពីក្នុងទ្រុង ។ ម្ចាស់ផ្ទះដដែលនិយាយថា រោងមាន់ខ្លះបានចាក់សោទ្វារ តែពួកចោរបានគាស់ទម្លាយចូលលួចមាន់គ្មានសល់ រីឯផ្ទះខ្លះមាន់ដេកនៅចុងជើង៤ទៅ៥ក្បាលក៏ត្រូវចោរលួចអស់ដែរ ។ ជាពិសេស ម្ចាស់ផ្ទះដែលនៅក្បែរប៉ុស្ដិ៍នគរបាលកំពង់ព្រៀងតែម្ដង ដែលមិនរំខានដល់ដំណេកមន្ត្រីប៉ុស្ដិ៍នេះឡើយ ។
ជាមួយនឹងសកម្មភាពចោរលួចមាន់នេះ អ្នកភូមិបានប្រាប់ថា នៅយប់នោះគេឃើញរថយន្ត ១គ្រឿងភិនភាគដូចរថយន្តនីស្សាន់មួយបាំងកន្លះបានបើកឈប់ៗលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក តែគេមិនបានចាប់អារម្មណ៍លើរថយន្តនោះទេ ។ លុះព្រឹកឡើង ពេលម្ចាស់ផ្ទះនិយាយពីរឿងបាត់មាន់ ទើបពលរដ្ឋដទៃទៀតនាំគ្នាភ្ញាក់ផ្អើលអួតពីរឿងបាត់មាន់ពេញភូមិ ហើយគេដាក់ការសង្ស័យទៅលើរថយន្តដែលគេប្រទះឃើញកណ្ដាលយប់នោះថា អាចជារថយន្តក្រុមចោរដែលបើកតាមចាំដឹកមាន់ដែលលួចបាន។
លោក ប៉ែន ចាន់រ័ត្ន នាយប៉ុស្ដិ៍កំពង់ព្រៀង បាននិយាយចំពោះដំណឹងនេះថា ពលរដ្ឋបានបាត់មាន់តែ៤ឬ៥ក្បាលទេ ហើយក៏មិនបាត់ច្រើនផ្ទះដែរ ។ នៅពេលសួរថា អ្នកភូមិប្រាប់ថា ក្រុមចោរបានចូលលួចមាន់នៅផ្ទះពលរដ្ឋដែលនៅក្បែរប៉ុស្ដិ៍នគរបាល តើមានមែនឬទេ ?លោក ប៉ែន ចាន់រ័ត្ន បដិសេធថា «គ្មានចោរលួចមាន់នៅក្បែរប៉ុស្ដិ៍ទេ» ។
លោកនាយប៉ុស្ដិ៍រូបនេះបានព្យាយាមលាក់បាំងចំពោះបទល្មើសនេះ ប៉ុន្តែត្រូវបានទម្លាយដោយជនរងគ្រោះ ។ លោកនាយប៉ុស្ដិ៍ថែមទាំងបានស្រែកសួររកមុខអ្នកផ្ដល់ព័ត៌មាននេះដូច្នេះថា តើអ្នកណារាយការណ៍រឿងនេះ? ជាមួយនឹងសកម្មភាពក្រុមចោរបើករថយន្តដើរលួចមាន់ផ្អើលពេញភូមិនេះ លោក ប៉ែន ចាន់រ័ត្ន បានឆ្លើយតបទៀតថា «សកម្មភាពក្រុមចោរមិនទាន់បង្កឲ្យកើតមានកលយុគទេ គឺលួចតែ៤ឬ៥ក្បាលប៉ុណ្ណោះ ហើយក៏គ្មានអ្នកប្ដឹងដែរ ។
ផ្ទុយពីការឆ្លើយតបរបស់លោក ប៉ែន ចាន់រ័ត្ន នាយប៉ុស្ដិ៍កំពង់ព្រៀងប្រជាពលរដ្ឋបាននិយាយតបវិញថា «ជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់បានប្ដឹងទៅប៉ុស្ដិ៍នគរបាលរឿងបាត់មាន់នេះ រីឯ៣នាក់ទៀតមិនបានប្ដឹងទេ ព្រោះគ្មានជំនឿលើចំណាត់ការរបស់សមត្ថកិច្ច» ។ ចំពោះមាន់ដែលលោកមេប៉ុស្ដិ៍ប្រាប់ថា បាត់តែ៤ឬ៥ក្បាលនោះ ត្រូវពលរដ្ឋប្រាប់ថា ឈ្មោះស៊ឺងបាត់មាន់អស់១៥ក្បាល ឈ្មោះហេង សារី បាត់មាន់៥ក្បាល ឈ្មោះសេត បាត់មាន់៨ក្បាល និងឈ្មោះ គី បាត់មាន់១៣ក្បាល ។
អ្នកភូមិបានចោទលោកមេប៉ុស្ដិ៍កំពង់ព្រៀងថា «បានផ្ដល់ព័ត៌មានភូតកុហក» សូម្បីតែទីតាំងកើតហេតុ ក៏គេមិនឃើញលោកមេប៉ុស្ដិ៍រូបនេះ ឬ មន្ត្រីណាម្នាក់ចុះពិនិត្យឬសួរនាំធ្វើកំណត់ហេតុដែរ បើទោះជាមានពលរដ្ឋម្នាក់ទៅប្ដឹងនិងភ្ញាក់ផ្អើលពេញភូមិក្ដី ។
បើតាមប្រជាពលរដ្ឋនិយាយថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមចោរជិះរថយន្តដដែលៗនេះ ធ្វើសកម្មភាពដើរលួចមាន់អ្នកភូមិនៅក្នុងឃុំកំពង់ព្រៀង តែគេមិនដែលឃើញមានវិធានការទប់ស្កាត់ពីកម្លាំងសមត្ថកិច្ចឡើយ បើទោះជាប្រជាពលរដ្ឋធ្លាប់រាយការណ៍អំពីសកម្មភាពរបស់ក្រុមចោរលួចមាន់នេះជាបន្តបន្ទាប់ក្ដី។ ផ្ទុយទៅវិញ លោកនាយប៉ុស្ដិ៍ បែរជាគំរាមសួររកមុខពលរដ្ឋដែលផ្ដល់ព័ត៌មានទៅអ្នកសារព័ត៌មានទៅវិញ ។
អ្នកភូមិបញ្ជាក់ថា ក្រុមសង្គមងងឹតនេះអាចដើរពិនិត្យតាមផ្ទះប្រជាពលរដ្ឋជាមុន មុនពេលធ្វើសកម្មភាព ដែលអ្នកភូមិមិនបានចាប់អារម្មណ៍ ។ បើតាមការកត់សម្គាល់របស់អ្នកភូមិថា យ៉ាងយូររយៈពេល១ខែ គឺក្រុមនេះចេញធ្វើសកម្មភាពលួចមាន់អ្នកភូមិនៅតំបន់នោះម្ដង តែសមត្ថកិច្ចហាក់ធ្វើព្រងើយកន្តើយលើបញ្ហាសន្តិសុខនេះសម្បើមណាស់ មិនរវីរវល់នឹងការផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋទេ ។
ជុំវិញសកម្មភាពក្រុមចោរហារយបើករថយន្តដើរលួចមាន់ផ្អើលភូមិ នៅឃុំកំពង់ព្រៀងនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត មានប្រសាសន៍ថា លោកមិនទាន់ទទូលបានរបាយការណ៍ស្ដីពីក្រុមចោរលួចមាន់នេះទេ ព្រោះមន្ត្រីមូលដ្ឋានបានមិនរាយការណ៍ ។ លោកមិនយល់អំពីការងាររបស់មន្ត្រីមូលដ្ឋានមួយចំនួនទេ ដែលធ្វើការងារយឺតយ៉ាវចំពោះបញ្ហាបទល្មើសដែលបានកើតឡើង មិនព្រមរាយការណ៍ តែបែរជាព្យាយាមបិទបាំងទៅវិញ ។
សូមបញ្ជាក់ថា អំពើ«ចោរកម្ម»ស្ទើរគ្រប់បែបយ៉ាង ហាក់កំពុងអង្រូនខេត្តបាត់ដំបងខ្លាំងណាស់នាបច្ចុប្បន្ននេះ ខណៈតំណែងស្នងការរងខេត្ត បានកើនឡើងរហូតដល់ជិត៣០រូបហើយ ។វត្តមានស្នងការរងដ៏ច្រើននេះ មិនបានធ្វើឲ្យក្រុមជនទុច្ចរិតខ្លបខ្លាចឡើយ ផ្ទុយទៅវិញបទល្មើសកើនឡើងកាន់តែខ្លាំង ។ មន្ត្រីមួយចំនួននិយាយថា ពេលនេះមន្ត្រីនៅស្នងការដ្ឋានខេត្ត និងតាមបណ្ដាស្រុកមួយចំនួន កំពុងសប្បាយរីករាយនឹងការឡើងបុណ្យស័ក្ដិ និងទទួលតំណែងថ្មី ដូច្នេះមិនសូវខ្វាយខ្វល់ពីរឿងការងារសន្តិសុខទេ ។
ប្រភពដដែលបានលើកឡើងថា នៅស្នងការដ្ឋានខេត្តសព្វថ្ងៃសម្បូរតែមន្ត្រីស្វែងរកតំណែង ស្វែងរកតួនាទី ។ មួយថ្ងៃៗ គេឮតែមន្ត្រីប្រភេទនេះជជែកគ្នាតែរឿងតំណែង និងតួនាទី ។ គ្មានទេការពិភាក្សាពីរឿងការងារបម្រើប្រជាពលរដ្ឋ ឬការងារទប់ស្កាត់ ឬបង្ក្រាបបទល្មើស ។ រីឯមន្ត្រីខ្លះទៀត គ្មានទេសមត្ថភាពធ្វើការងារ គឺមានតែគំនិតចាំប៉ែងផ្ដូលមន្ត្រីដទៃដែលមានកំហុសតិចតួចដើម្បីដណ្ដើមតំណែង ។ គេសង្កេតឃើញមានតែមន្ត្រីមួយចំនួនប៉ុណ្ណោះនៅក្នុងស្នងការដ្ឋាន ដែលបាននិងកំពុងប្រឹងប្រែងបំពេញភារកិច្ច ក្រោមការរិះគន់ពីមន្ត្រីឡេមឡឺម មន្ត្រីអសកម្ម ឬមន្ត្រីដែលពូកែអែបអប ។
មួយរយៈកន្លងទៅនេះ បទល្មើសបានកើតឡើងស្ទើររាល់ថ្ងៃ ទាំងនៅក្នុងក្រុងបាត់ដំបង ទាំងនៅតាមបណ្ដាស្រុកនានា បើទោះជាកម្លាំងជំនាញបង្ក្រាបបានជាហូរហែក្ដី តែមិនបានធ្វើឲ្យបទល្មើសនេះថយចុះឡើយ ។ បើតាមការកត់សម្គាល់ បទល្មើសដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភនោះគឺ «ចោរលួច ចោរឆក់ ចោរប្លន់ ចោរកាច់សោម៉ូតូ និងចោរគាស់លំនៅឋាន រួមទាំងបទល្មើសគ្រឿងញៀនផង» ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការបារម្ភខ្លាំងបំផុតនោះគឺ ក្រុមចោរបានធ្វើសកម្មភាព«ឆក់និងប្លន់» ទៅលើភ្ញៀវទេសចរបរទេស ដែលជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ៕
The post អ្នកស្រុកកំពុងផ្អើលខ្លាំង… រឿងចោរបើកឡានលួចមាន់តាមផ្ទះ appeared first on Koh Santepheap Daily.