ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក់គ្រុឌដែលទ្រផ្លាកសញ្ញាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើអំពីបេតុង កម្ពស់៥ម៉ែត្រ អស់ថវិកាជាង១ម៉ឺនដុល្លារ ដែលនឹងរួចរាល់នៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ដោយមានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ដើម្បីរៀបចំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបានកសាងគ្រុឌទ្រផ្លាកបញ្ជាការដ្ឋានដែលចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជាង១ម៉ឺនដុល្លារ ដើម្បីរួចរាល់នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។
លោកបានបញ្ជាក់ថា រូបសំណាក់គ្រុឌទ្រផ្លាកបញ្ជាការដ្ឋានកងរាជអាវុធហត្ថនេះ ត្រូវបានកសាងស្ទើរគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំងប្រទេសកម្ពុជា ជាក់ស្តែងស្តង់ដារូបសំណាក់គ្រុឌបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កសាងកម្ពស់៥ម៉ែត្រ ខឿនកម្ពស់១ម៉ែត្រកន្លះ ហើយចាប់បាតជើងដល់ក្បាលគ្រុឌមានកម្ពស់៤ម៉ែត្រ និងកម្ពស់ផ្លាកបញ្ជាការដ្ឋាន១ម៉ែត្រ១តឹកបណ្តោយ៦ម៉ែត្រ ទទឹងដងខ្លួនគ្រុឌប្រវែង១ម៉ែត្រ ខឿនក្រោមទ្រគ្រុឌ១ម៉ែត្រកន្លះ ហើយរយៈពេលធ្វើ៣ខែរួចរាល់ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ការកសាងគ្រុឌទ្រផ្លាក់បញ្ជាការដ្ឋាននេះ គឺកសាងដោយ២នាក់ឪពុក និងកូនប្រុសរួមជាមួយក្រុមយុវជនអប់រំផ្តាច់សារធាតុញៀន នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជួយលាយស៊ីម៉ងត៍ និងជីកគ្រឹះ ទើបចំណាយថវិកាជួលជាងអស់តម្លៃ៤ពាន់ដុល្លារធ្វើរួចរាល់ ៕
The post រូបសំណាក់គ្រុឌទ្រនៅកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើអស់ជាង១ម៉ឺនដុល្លារ appeared first on Koh Santepheap Daily.