ខេត្តកំពង់ស្ពឺ ៖ អ្នកបើកបររថយន្តបែនម្នាក់បានស្លាប់ បន្ទាប់ពីទូកុងតឺន័រធ្លាក់សង្កត់លើ ខណៈឈប់រថយន្តចតនៅចិញ្ចើមផ្លូវ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថ យន្តនិងទូកុងតឺន័រនៅកន្លែងកើតហេតុ ចំណែកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួល យកទៅធ្វើបុណ្យ ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែតលេខ៦៩ និងលេខ៧០ ក្នុងភូមិត្រពាំងអត់ទឹក ឃុំគិរីវន្តស្រុកភ្នំស្រួច ។ ប្រភពពីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកកុងតឺន័រ១គ្រឿងម៉ាកហ្វុ៊យសូ ពណ៌.សលាយខៀវ ពាក់ផ្លាកលេខ តាកែវ៣A-០៧២៨ បើកមកពីទិសលិច បានអែបមកខាងឆ្វេងដៃ រកកន្លែងចត ។
នៅពេលអែបមកចិញ្ចើមផ្លូវនោះ ស្រាប់តែធ្លាក់ទូកុងតឺន័រចំលើក្បាលរថយន្តបែនពណ៌ស្ករ ពាក់ផ្លាកលេខPP២១១៨ (ដែលឈប់នៅខាងជើងផ្លូវ) បណ្តាលឱ្យសង្កត់ស្លាប់អ្នកបើកបររថយន្តបែនដែលអង្គុយនៅក្នុងកាប៑ីន ។
ជនរងគ្រោះឈ្មោះ ជា ពេញ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅផ្សារត្រពាំងក្រឡឹង ឃុំគិរីវន្ត ស្រុកភ្នំស្រួច ។ ចំណែកអ្នកបើកបររថយន្តដឹកកុងតឺន័រ ក្រោយបង្កឲ្យមានមនុស្សស្លាប់ ក៏ចុះរត់គេចខ្លួនបាត់ ៕
The post ផុយម៉្លេះ…អ្នកបើកនៅស្ងៀមក៏ត្រូវបាត់ជីវិត appeared first on Koh Santepheap Daily.