ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិចិនម្នាក់ ត្រូវគេប្រទះឃើញធ្លាក់ពីលើអគារស្លាប់ ប៉ុន្តែមិនទាន់ដឹងមូល ហេតុថា តើការធ្លាក់នោះ ដោយសារអ្វីឱ្យប្រាកដទេ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោងជិត៨យប់ថ្ងៃទី៨ ខែវិច្ឆិកា នៅចំណុចអគារកម្ពស់៨ជាន់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះ ឈ្មោះ Zhang Jiangshan អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E៩២៨៩៥៣៥៨
ស្នាក់នៅបន្ទប់ជួលលេខ៧០៧ អគារF៣ ជាន់ទី៨ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ក្នុងភូមិ-សង្កាត់ខាង
លើ ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចពាក់ព័ន្ធរួមទាំងនគរបាលការពារព្រំដែន បានចុះទៅ
ដល់ចំណុចកើតហេតុ ។
មកដល់ម៉ោងជាង៨ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា នគរបាលផ្នែកបច្ចេកទេសក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា មិនទាន់ដឹងពីមូលហេតុទេ ដោយរង់ចាំមន្ត្រីជំនាញមកពីខេត្ត ព្រោះជារឿងជនបរទេស ហើយទីតាំងកើតហេតុ សមត្ថកិច្ចបានហ៊ុមព័ទ្ធខ្សែសុវត្ថិភាពផងដែរ ដើម្បីស៊ើបអង្កេត ។ រហូតមកដល់ម៉ោងជាង៤រសៀលថ្ងៃដដែល ករណីបុរសជនជាតិចិនធ្លាក់ពីលើអគារនោះ នៅតែមិនទាន់ដឹងពីមូលហេតុ ។ នគរបាលបច្ចេកទេសក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើកម្លាំងជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែត និង
មកពីស្នងការដ្ឋានខេត្ត ដឹកនាំដោយលោក តេងសាម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យដល់ទីកន្លែងរួចហើយ ប៉ុន្តែលោកថា មិនទាន់ដឹងលទ្ធផលទេ ។
លោកថា រាល់បន្ទប់ជួលនៅកន្លែងកើតហេតុ គេប្រើទ្វារទំនើប បើចេញពីបន្ទប់អ្នកខាងក្រៅ មិនអាចបើកចូលបានទេ ដរាបណាទាល់តែអ្នកខាងក្នុងបន្ទប់បើកឲ្យ ។ លោកបន្តថា ជនរងគ្រោះស្នាក់នៅជាន់ទី៧ដែលទ្វារបន្ទប់នៅបើកចំហ ហើយបើមើលតាមកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះចេញនិយាយទូរស័ព្ទ រួចដើរបត់ស្តាំឡើងទៅលើ ។
យ៉ាងណាក៏ដោយ មន្ត្រីដដែលបញ្ជាក់ថា លោកព្រះរាជអាជ្ញារងបញ្ជាឲ្យត្រួតពិនិត្យបញ្ហានេះបន្ថែមទៀត មុននឹងចេញលទ្ធផល ឬការសន្និដ្ឋាន ព្រោះមិនទាន់ដឹងថា ធ្លាក់ពីជាន់ទីប៉ុន្មានពិតប្រាកដនៅឡើយ
និងមិនទាន់ដឹងមូលហេតុពិតប្រាកដដែរ ។ លោកថា ពេលនេះ សពត្រូវបានតម្កល់នៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត រង់ចាំសាច់ញាតិដែលកំពុងធ្វើដំណើរមកពីប្រទេសចិន ៕